គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន បង្ខំចិត្តគេចខ្លួនក្រោយមានការកោះហៅពីនគរបាល

គ្រូបង្រៀនថ្នាក់បឋមសិក្សានៅខេត្តប៉ៃលិនម្នាក់ បានរត់គេចខ្លួនរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីមានលិខិតកោះហៅរបស់សមត្ថកិច្ចខេត្តនេះ ជុំវិញការបង្ហោះសាររិះគន់រដ្ឋាភិបាលពាក់ព័ន្ធបញ្ហាកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាម។

គ្រូបង្រៀនកម្រិតបឋមសិក្សា រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន លោក យួង សូដា បានឱ្យThe Cambodia Daily ដឹងថា លោកសម្រេចចិត្តមិនចូលបំភ្លឺតាមការដោះហៅរបស់ស្នងការរងខេត្តនេះឡើយ ដោយលោកដឹងថាពួកគេនឹងចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសារ រិះគន់រដ្ឋាភិបាលរឿងកសាងស្តូបវៀតណាម ក្នុងខេត្តនេះ។

កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា លោក យួង សុដា បានបង្ហោះហ្វេសប៊ុកពាក់ព័ន្ធនិងការកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាម ដោយភ្ជាប់និងរូបភាពស្តូបនោះ អមដោយខ្លឹមសារ «អ្នកបៃលិនទំនេរៗ ជិះកាត់ស្អានស្ទឹងតារាប ហើយងាកទៅទិសខាងលិចផង»។ លោកសរសេរបន្តថា «ឥឡូវយើងមានស្តូបសឹងគ្រប់ខេត្តហើយ អីចឹងសង្ឃឹមថានៅថ្ងៃខាងមុខ យើងនឹងមានទង់ជាតិពីរបង្ហូតក្នុងពេលតែមួយ ដូចនៅប្រទេស ឡាវ ដែរ»។

លោកបន្តថា ២ថ្ងៃក្រោយ មានសមត្ថកិច្ចបានដាក់កម្លាំង៣នាក់ ស្លៀកពាក់ស៊ីវិលចុះទៅផ្ទះរបស់លោក ប៉ុន្តែពេលនោះលោកបានធ្វើដំណើរមកខេត្តបាត់ដំបងផុត។ លុះនៅថ្ងៃទី១០ ខែកញ្ញា ក៏មានអាជ្ញាធរបានហៅទូរស័ព្ទទៅនាយកសាលារបស់លោក ដោយថាពួកគេនឹងចុះមកសាលានេះ។ ក្រោយដឹងដំណឹងនេះលោកក៏បានត្រឡប់ទៅបាត់ដំបងវិញ។

បន្ទាប់មកនៅថ្ងៃទី១១ខែកញ្ញា ស្នងការរងនគបាលខេត្តប៉ៃលិន ទទួលផែនសន្តិសុខ លោក ជា សុផារិទ្ធ ក៏បានចេញលិខិតអញ្ជើញលោក    យួង សូដា ដើម្បីចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលផែនការងារសន្តិសុខ ជុំវិញការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក។ លិខិតកោះហៅនោះតម្រូវឱ្យលោក សូដា ត្រូវចូលខ្លួនឆ្លើយបំភ្លឺអំពីការសរសេររបស់លោកនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញ។

គ្រូបង្រៀនរូបនេះ អះអាងថា កាលពីថ្ងៃម្សិលមិញនោះ លោកក៏សម្រេចចិត្តរត់គេចខ្លួន ហើយបានទៅដល់ទីកន្លែងសុវត្ថិភាព ប៉ុន្តែលោកមិនអាចប្រាប់ពីកន្លែងដែលលោកទៅនោះបានឡើយ ដោយបារម្ភពីការតាមចាប់ខ្លួនលោកបន្តទៀត។

ការគេចខ្លួននេះ ដោយលោកដឹងច្បាស់ថាសមត្ថកិច្ចនឹងចាប់ខ្លួនលោក ឬដាក់សម្ពាធណាមួយមិនឱ្យលោកបានបញ្ចេញមតិដោយសេរី ដើម្បីជួយសង្គមជាតិនោះឡើយ។ បន្ថែមពីនេះលោកក៏គ្មានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជានោះដែរ បើទោះបីជាលោកបានដឹងច្បាស់ថាអ្វីដែលលោកបានលើកឡើងពាក់ព័ន្ធរឿងស្តូបកម្ពុជា-វៀតណាម និងបញ្ហាផ្សេងទៀតកន្លងមក មិនបានខុសទៅនឹងច្បាប់ក៏ដោយ។

ចាប់តាំងពីចុងខែកក្កដាមក ចរន្តចាប់ខ្លួនពលរដ្ឋ ពិសេសសកម្មជនសិទ្ធិមនុស្ស យុវជនបរិស្ថាន និងអ្នកនយោបាយកើតមានជាបន្តបន្ទាប់ ដែលមានចំនួនសរុបប្រមាណ២០នាក់រួចមកហើយ។

ការចាប់ខ្លួនដំបូង គឺសមត្ថកិច្ចបានចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ក្រោយពេលលោកបានលើកឡើងអំពីបញ្ហាដីធ្លីរបស់ពលរដ្ឋជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ដោយពលរដ្ឋបានលើកឡើងពីការបាត់បង់ដីស្រែចម្ការ បន្ទាប់ពីបោះបង្គោលព្រំដែនរួច។

ក្រោយមកអាជ្ញាធរបានបន្តចាប់ខ្លួនយុវជន និងអ្នកនយោបាយផ្សេងទៀត ហើយតុលាការបានចោទប្រកាន់ពួកគេទាំងនោះពីបទញុះញង់ និងបង្កភាពវឹកវរដល់សង្គម ។

ទាំងអង្គការជាតិ និងអន្តរជាតិ ពិសេសអង្គសហប្រជាជាតិបានទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ជាង២០នាក់នោះជាបន្ទាន់ និងឥតលក្ខខណ្ឌ ព្រមទាំងស្នើឱ្យបញ្ឈប់ការប្រើប្រាស់បញ្ញត្តិបទញុះញង់ ដើម្បីបង្ក្រាបសំឡេងរិះគន់ និងដើម្បីបំបិទសិទ្ធិសេរីភាពពលរដ្ឋបន្តទៀត។

ចរន្តចាប់ខ្លួនក្រុមអ្នករិះគន់ជាហូរហែនេះ សម្រាប់លោក យួង សូដា យល់ថា គឺជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលចាំបាច់ត្រូវធ្វើដើម្បីការពារកុំឱ្យមានការប៉ះបោរណាមួយកើតឡើងក្នុងកាលៈទេសៈបច្ចុប្បន្ន។ 

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែកញ្ញា ថា លោកសូមអង្វរដល់ព្រះរាជអាជ្ញាអមសាលាដំបូងមេត្តាគិតថា វាអាចជាការមិនត្រឹមត្រូវទេ ដែលយកបទ “ញុះញុងឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ទៅចោទប្រកាន់និងដកហូតសេរីភាពរបស់ រ៉ុង ឈុន និងជនរួមជាតិឯទៀត ដែលបានប្រើប្រាស់សេរីភាពខាងការបញ្ចេញមតិ។ ជាងនេះទៅទៀតលោកស្នើសុំ ដកហូតបទចោទប្រកាន់ និងប្រគល់សេរីភាពទាំងនេះឲ្យទៅពួកគេវិញដោយឥតលក្ខណ្ឌ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Robert Destro ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសហរដ្ឋអាមេរិកបានសរសេរនៅលើបណ្តាញធ្វីទធើ (Tweeter) របស់លោកថា សិទ្ធិជួបជុំ និងសេរីភាពនៃការបញ្ចេញមតិបានចែងច្បាស់លាស់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា។

លោកបន្តថា សហរដ្ឋអាមេរិកសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការបន្តចាប់ខ្លួនសកម្មជនបរិស្ថាន មេដឹកនាំសហជីព អ្នកនយោបាយ និងយុវជនទាំងឡាយ ដែលជាអ្នកអនុវត្តសិទ្ធិសេរីភាពទាំងនេះ។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសហរដ្ឋអាមេរិក រូបនេះ ជុំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងពួកគេជាបន្ទាន់ ហើយអនុញ្ញាតឲ្យពួកគេមានសេរីភាពដូចដើម៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.