គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍តាមព្រំដែន និងគាំទ្រដល់កងទ័ពឱ្យបានគ្រប់គ្រាន់

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬកាត់ថា GDP អំពាវនាវដល់រដ្ឋាភិបាលលោកហ៊ុន សែន ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍតំបន់ព្រំដែន និងគាំទ្រដល់ការផ្គត់ផ្គង់ចំពោះកងវរៈការពារព្រំដែនឱ្យបានគ្រប់គ្រាន់ និងសមរម្យ ដើម្បីជាការលើកទឹកចិត្តដល់របងព្រំដែនរស់។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ បានសម្តែងក្តីបារម្ភជាខ្លាំងរឿងការពារព្រំដែន។

ក្តីបារម្ភនេះកើតឡើង បន្ទាប់ក្រុមការងាររបស់ GDP ដឹកនាំដោយប្រធានគណបក្សលោក យ៉េង វីរៈ កាលពីថ្ងៃទី១២ខែកញ្ញា បានទៅដាក់បិណ្ឌទី១០ នៅវត្តខេមររាជការាម ឬវត្តប៉ាកណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។ នាឱកាសនោះក្រុមការងារគណបក្ស GDP បានទៅមើលស្ថានភាពព្រំដែនកម្ពុជាវៀតណាម ដោយពិនិត្យជាក់ស្តែង ព្រមទាំងបានពិភាក្សាជាមួយកងវីរៈការពារព្រំដែនកម្ពុជា។

គណបក្សមួយនេះ បន្តថា ដោយសារពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនកំពុងប្រឈមនឹងការលំបាកក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ហើយកងវីរៈការពារព្រំដែនកម្ពុជាពុំទាន់មានកន្លែងស្នាក់នៅសមរម្យ ខ្វះបង្គន់អនាម័យ ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងសិ្ថតនៅឆ្ងាយពីទីផ្សារជាដើម។

បញ្ហាទាំងនេះ ដែលGDP ជំរុញឱ្យរដ្ឋាភិបាលត្រូវអភិវឌ្ឍតំបន់តាមព្រំដែន និងផ្គត់ផ្គង់ដល់កងកម្លាំងការពារព្រំដែនកម្ពុជា ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីលើកទឹកចិត្តដល់របងការពារព្រំដែនរស់ ព្រោះពលរដ្ឋ និងកងកម្លាំងការពារព្រំដែន មានតួនាទីសំខាន់ក្នុងការថែរក្សាការពារទឹកដីខ្មែរឱ្យបានគង់វង្ស។

គំនិតអភិវឌ្ឍតាមព្រំដែននេះដែរ កាលនៅមានជីវិត លោកបណ្ឌិត កែម ឡី ធ្លាប់ប្រាប់គន្លឹះសំខាន់ៗ ទៅរដ្ឋាភិបាលលោកហ៊ុន សែន ថាត្រូវប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍទាំងសេដ្ឋកិច្ច និងធនធានមនុស្ស។ លើកទឹកចិត្តឱ្យពលរដ្ឋទៅរស់នៅតាមព្រំដែនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ និងប្រែក្លាយភូមិតាមព្រំដែនជាភូមិគំរូ ជាដើម។

ការធ្វើដូច្នេះ គឺជាកត្តាសំខាន់ក្នុងការការពារព្រំដែនកម្ពុជា មិនឱ្យមានការទន្ទ្រានពីប្រទេសជិតខាងព្រោះការអភិវឌ្ឍតាមព្រំដែនជារបងយ៉ាងសំខាន់ និងរឹងមាំក្នុងការការពារទឹកដី ម្យ៉ាងស្របពេលដែលប្រទេសជិតខាងកំពុងរៀបចំយុទ្ធសាស្ត្របែបនេះ ដល់ប្រជាពលរដ្ឋគេផងដែរ។

ដោយឡែកសម្រាប់កម្ពុជាវិញ តំបន់តាមព្រំដែនខ្លះ ស្ទើរតែគ្មានការអភិវឌ្ឍន៍អ្វីទាំងអស់។ ចំណែកស្នាក់ការយាមរបស់កងកម្លាំងខ្លះស្ទើររំលំ និងនៅឆ្ងាយពីព្រំដែន ឬមានតែស្នាក់ការយាមតែគ្មានមន្ត្រីធ្វើការឡើយ។ រីឯដីជាប់ព្រំដែនវៀតណាមខ្លះទៀត ត្រូវបានជួលឱ្យជនជាតិវៀតណាមតែម្តង បើទោះបីជារដ្ឋាភិបាលធ្លាប់ចេញសារាចរណ៍ណែនាំ មិនឱ្យមានការជួលដីក្បែរព្រំដែនឱ្យជនបរទេស ដែលនៅជិតខាង               កម្ពុជាក៏ដោយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.