ធនាគារ​​​ពិភព​​​លោក​​​​​​លើក​​​ឡើងថា ប្រយុទ្ធ​​​នឹង​​​ការកាប់​​​ឈើខុស​​​ច្បាប់​​​ ត្រូវ​​​ចាប់ផ្តើម​​​ពី​​​អ្នក​​​ធំ

ស្រប​​នឹង​ការ​អំពាវនាវជាយូរមកហើយ​​របស់​អង្គការ​អភិរក្ស​​​ ធនាគារ​ពិភពលោក​បាន​លើក​ឡើងក្នុង​របាយកាណ៍​មួយ​​ដែលបាន​ចេញផ្សាយ​ក្នុង​ថ្ងៃ​នេះ​​ថា ​ដើម្បី​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់ឲ្យ​មាន​ប្រសិទ្ធភាព ​​​រដ្ឋា​ភិបាលមិន​​ត្រូវចាប់​តែ​​​​ឧ​ក្រិដ្ឋជន​​តូចតាចទេ​​ ហើយ​ត្រូវ​​​​តាម​ដាន​​ប្រាក់​ចំណូល​​​ដែល​បាន​មក​ពី​​ការ​ជួញ​ដូរ​​ឈើ​ខុស​ច្បាប់​នោះ​​​វិញ​ ដើម្បី​ឲ្យ​បាន​ដឹង​​ថាតើ​វា​ធ្លាក់​ទៅ​លើ​ដៃ​​អ្នកណា​។

ប្រាក់ចំណូល​​ដែល​បាន​មក​ពី​​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ទូទាំង​ពិភពលោក​​​​​​​មាន​ចំនួន​​​រហូត​ដល់ទៅ​១៥​​ពាន់លាន​ដុល្លារ​ក្នុង​មួយ​​​ឆ្នាំ​ នេះ​បើ​យោង​តាម​របាយការណ៍របស់​ធនាគារ​​​ពិភពលោក​ ដែល​​លើក​​​​ឧទាហរណ៍​​ជ​​ាក់ស្តែង​នៅក្នុង​​ប្រទេស​កម្ពុជា​និងប្រទេស​​​​មួយ​ចំនួន​​ទៀត។​

របាយការណ៍​នេះ​មាន​ខ្លឹមសារ​​ថា“មន្ត្រី​អនុវត្ត​​ច្បាប់​មិនត្រូវ​ចាប់តែ​​​ឧក្រិដ្ឋ​ជន​​តូចតាច​ទេ​ ហើយ​​ត្រូវ​តែ​សើុបឲ្យ​បាន​ច្បាស់​ថា​តើ​ប្រាក់​ចំណូល​ដែលបាន​មក​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​អស់​នោះ​ធ្លាក់ទៅ​ក្នុង​ដៃ​អ្នក​​​ណា​។​ តាម​រយៈ​ការ​តាម​ដាន​ចរន្ដ​លុយ​និង​ការ​ប្រើ​វិធីសាស្ត្រ​​​ដែល​​គេបាន​រកឃើញ​​​នៅ​ក្នុង​ប្រ​ទេស​ជាង​១៧០​ដើម្បី​តាម​ដាន​លុយ​កខ្វក់ ​មន្ត្រី​អនុវត្ត​ច្បាប់​​​​អាច​តាម​ដាន​អង្គការ​​​​​ឧ​ក្រិដ្ឋ​កម្ម​​ដែលជាប់​​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កាប់​ឈើខុសច្បាប់​​ទ្រង់​ទ្រាយ​ធំ​ ហើយ​រឹប​អូស​ប្រាក់​ចំណូល​​ខុស​ច្បាប់ទាំងអស់​បាន​​។

​លោក ​Jean Pesme ប្រធាន​ក្រុមការងារ​ដើម្បី​​សុចរិតភាព​ក្នុង​​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក​​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ថា​ “ ​យើង​ចាំបាច់​ត្រូវ​​​​​បង្ក្រាបក្រិដ្ឋ​​​កម្ម​កាប់ឈើ​​​​ខុសច្បាប់​ដែល​មាន​ការ​ចាត់តាំង​​ឲ្យ​ដូចជា​ពេល​​​ដែល​យើង​បង្ក្រាប​ក្រុម​​​ជួញដូរ​​គ្រឿង​ញៀនឬ​ឧក្រិដ្ឋជន​ដែល​រកចំណូល​បាន​ដោយ​ខុសច្បាប់​​ដូច្នោះ​ដែរ”។

ក្នុង​ចំ​ណោម​អនុសាសន៍​សំ​ខាន់​ៗ​របស់​ខ្លួន​​ ធនាគារ​ពិភពលោក​​បាន​ស្នើ​​ឲ្យ​មានការ​ប្រើ​​​យុទ្ធសាស្ត្រ​​រួមគ្នា​តែមួយ​​ដើម្បី​​​បង្ក្រាប​​​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់ ​ឲ្យ​មាន​​កិច្ច​​សហ​​​ប្រត្តិ​បត្តិ​ការ​ប្រ​សើរជាងមុន​ក្នុង​ចំណោម​ស្ថាប័នពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​​ និងឲ្យ​មាន​​​ការ​ប្រើ​​ច្បាប់​​ស្តីពី​ការ​លាង​លុយកខ្វក់​ឲ្យ​បាន​ច្រើន​ជាងមុន​​។

​ក្រុម​អាជ្ញាធរតែង​​​​រឹបអូស​បាន​​​ឈើ​ខុស​ច្បាប់ទ្រង់ទ្រាយ​​ធំ ​​ប៉ុន្តែ​កម្រ​មាន​ការ​ចាប់ខ្លួន​​ណាស់​​ ដោយ​​ច្រើន​​តែ​អះ​អាង​ថារក​អ្នក​កាប់​ឈើ​មិន​​ឃើញ​ ឬ​​​ថា​ពួកគេ​បាន​រត់​គេច​ខ្លួន​បាត់អស់​។អង្គការ​​អភិរក្សនានា​បាន​​​​ត្អូញ​ត្អែរ​​ថាបើទោះជា​មាន​​​​ការ​ចាប់​ខ្លួន​បាន​ អ្នក​ដែល​ត្រូវ​ចាប់​បាន​ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ ​​​អ្នក​កាប់​ឈើ​​តូចតាចឬ​អ្នក​បើកបរ​​ប៉ុណ្ណោះ​ ហើយ​មិន​ដែល​​ចាប់បាន​​”ត្រី​ធំ”​នៅ​ពី​ក្រោយ​​​ប្រតិបត្តិការ​​ខុសច្បាប់ទាំងនេះ​​ទេ​ ​ដោយសារ​​​​តែ​អំពើ​ពុក​រលួយ​។

លោកជុតវុទ្ធី​ ប្រធាន​អង្គការ​ការពារ​​ធនធាន​​​​ធម្មជាតិបាន​​មាន​ប្រសាសន៍​ថា“ការ​កាប់​ឈើ​ខុស​ច្បាប់​​គឺពាក់​ព័ន្ធ​ជាមួយ​អ្នក​ធំ”។

លោក​​បាន​​បន្ថែម​ថាធនាគារ​ពិភពលោកគួរ​តែ​ចាត់​វិធាន​ការបន្ថែម​​ទៀត​ដើម្បី​ជួយ​​​ដល់​​​សហគមន៍​​​​នៅតាម​មូលដ្ឋាន​​​ដែល​កំពុង​មានការ​ថ្នាំងថ្នាក់​ចិត្ត​កាន់តែ​ខ្លាំងឡើង​ជា​មួយ​នឹង​អាជ្ញាធរ​​​និង​ដែលសុខចិត្ត​​ដើរ​ល្បាត​ព្រៃ​​ដោយ​ខ្លួន​ឯង​ ហើយ​​ត្រូវ​ប្រ​ឈម​មុខ​នឹងក្រុម​​អ្នក​​កាប់​ឈើខុសច្បាប់​ដោយ​​ខ្លួនឯងទៀត​។

​ពាក់ព័ន្ធ​នឹង​​​របាយ​ការ​ណ៍​ថ្មី​បំផុត​របស់​​ធនាគារ​ពិភពលោកនេះ​វិញ​ លោក​​មាន​សង្ឃឹម​​​​តិច​តួច​ណាស់ថា​​​ក្រុម​អាជ្ញា​ធរ​នឹង​អនុវត្ត​តាម​​អនុសាសន៍​របស់​ធនាគារ​ពិភពលោក​។

លោក​ វុទ្ធី​ បាន​មាន​ប្រ​សាសន៍​ថា​ “ ​ខ្ញុំ​មិន​គិត​ថា​​ពួកគេ​នឹង​អនុវត្ត​តាម​​​ទេពី​ព្រោះ​យើង​​គ្មាន​​ជំ​នួយ​ពី​ខាង​ក្រៅឡើយ​​។ពួកគេ[រដ្ឋាភិបាល]​ គ្មាន​សម្ពាធ​ពី​ខាង​ក្រៅ​ទេ​​​។

អង្គការ​ Global Witness ដែលមាន​មូលដ្ឋាន​នៅអង់​គ្លេស​បានដើរ​តួ​ជា​អ្នក​ឃ្លាំមើល​​ព្រៃ​ឈើ​ឯករាជ្យ​ផ្លូវការ​របស់​កម្ពុជា​រហូតដល់​​​ឆ្នាំ​២០០៥​ ប៉ុន្តែ​រដ្ឋា​ភិបាល​​​បាន​កាត់ផ្តាច់​ទំ​នាក់​ទំនង​នេះ​វិញ​​ក្រោយពេល​​​ដែល​អង្គការ​​នេះបាន​ចេញ​​របាយ​ការណ៍​រិះ​គន់​​​ខ្លាំងៗ​ជា​បន្តបន្ទាប់​។របាយ​ការណ៍​​បន្ទាប់មកទៀត​​របស់​អង្គការ​ Global Witness ដែលបាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០០៧​ និង​​ដែល​​​​ត្រូវបាន​​​រដ្ឋា​​​ភិបាល​ហាមឃាត់​​ភ្លាមៗ​នោះ​​​ ក៏​មានបញ្ជាក់​ពី​

 

ការ​ជាប់​​ពាក់​ព័ន្ធ​​របស់​​មន្ត្រី​ជាន​់ខ្ពស់បំផុតមួយចំនួន​​​និង​សាច់​ញាតិរបស់​លោក​នាយក​មន្ត្រី​ហ៊ុន​សែន​ក្នុង​ការ​កាប់​ឈើ​ផង​ដែរ។ លោក​ វុទ្ធី​ បាន​មាន​ប្រ​សាសន៍​ថា​”ពួកគេ​អាច​សម្លាប់​កណ្តុរឬ​​ឆ្កែ​បានប៉ុន្តែ​ពួកគេ​មិន​អាច​សម្លាប់​ដំរី​ឬ​ខ្លា​បានឡើយ។

លោក​ សំ​ សុខផលរដ្ឋ​លេខាធិការ​ក្រ​សួង​យុត្តិធម៌​បាន​មាន​ប្រ​សាសន៍​ថាតុលាការអាច​​ស៊ើប​អង្កេតតែ​ករណីឬ​សំណំុរឿង​​ណា​ដែល​ខ្លួន​ទទួលបាន​ប៉ុណ្ណោះ ​ហើយ​បាន​បង្វែរ​​សំនួរ​​ទៅ​​ក្រ​សួង​កសិកម្ម​វិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា​”ទាល់តែ​ពួក​​គេ​ធ្វើ​​ញតិ​ឬស្នើ​ឲ្យ​ក្រសួង​​បើក​សំណុំ​រឿង​​ បើមិន​ដូច្នេះ​ទេ​​ក្រសួង​យុត្តិធ៌ម​មិន​អាច​ធ្វើ​អ្វី​បាន​​ឡើយ”។  មន្ត្រី​ក្រ​សួង​កសិកម្ម​និង​រដ្ឋបាល​ព្រៃ​ឈើ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​​បាន​ឡើយ៕​

ប្រែ​សម្រួល​ដោយ​ ហមសុផាណ្ណា​​

​​​

                 

 

​​​

​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.