គម្រោង​ស្ដារ​​ផ្លូវ​រថភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជាឡើង​វិញ​​ ​ត្រូវ​ការ​មូលនិធិ​បន្ថែម​ទៀត​

អ្នក​ប្រឹក្សា​យោបល់​ម្នាក់ ប្រចាំ​ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន បាន​លើកឡើងកាលពី​ម្សិល​មិញ​ថា ការ​ស្ដារ​ឡើង​វិញ​នូវ​បណ្ដាញ​ផ្លូវ​ដែ​ក​ ដែល​ទ្រុឌ​ទ្រោម​នៅក្នុង​ប្រទេស​កម្ពុជា មាន​រយៈ​ពេល​ជិត​ប្រាំមួយ​ខែ​ ហួស​ពី​ការ​​គ្រោង​ទុក​ និង​តម្លៃ​ការ​ងារ​ក្នុងរយៈ​ពេល​ជាង​មួយ​ឆ្នាំ​ ក៏​ដូច្នេះ​ដែរ​ គឺ​គម្រោង​នេះ​អស់ប្រាក់​ហើយ។​

លោកប៉ូលផៅវើ (Paul Power) អ្នក​ប្រឹក្សាយោបល់គម្រោង​ផ្លូវ​ដែក​ ​​របស់ក្រសួងនេះបាន​មាន​ប្រសាសន៍ កាលពី​ម្សិលមិញ​ថាគម្រោងស្ដារផ្លូវ​ដែក​ ដែល​មាន​ចម្ងាយ​៦០០​គីឡូម៉ែត្រ ពេល​នេះ​នឹ​ង​ត្រូវ​បញ្ចប់ក្នុង​ខែ​តុលា ឆ្នាំ​២០១២។ លោក​បាន​បន្ថែម​ទៀត​ថា គម្រោងនឹង​ចំណាយ​ទឹក​ប្រាក់​អស់ពី៥០ទៅ​១០០លានដុល្លារ​ ដើម្បី​បញ្ចប់​គម្រោង​នេះ​ គឺលើស​ពីចំនួនទឹក​ប្រាក់​១៤០លាន​ដុល្លារ​ ដែល​បានដាក់​បញ្ចូល​ក្នុង​គម្រោង​នេះ​ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​និង​ទី​ភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍន៍អន្ដរជាតិ​អូស្ត្រាលី។

លោកបាន​មាន​ប្រសាសន៍ថា “ យើង​កំពុង​តែ​សហការ​គ្នា​ ដើម្បីឲ្យដឹង​ថាតើ​វា​នឹង​ត្រូវចំណាយ​ប៉ុន្មានទៀត​ ហើយទឹក​ប្រាក់​នេះគួរបា​ន​មក​ពីណា”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ និង​អ្នក​គាំ​ទ្រ​គម្រោង​នេះ​បាន​បា៉ន់​ប្រមាណ​ខុស​អំពី​ចំនួនទឹក​ប្រាក់ត្រូវចំណាយលើកំណាត់​ផ្លូវ​ដែក​ដំបូង​ ដែល​ត្រូវ​ស្ដារ​ឡើង​វិញនោះ​ ។

លោកបាន​មាន​ប្រសាសន៍ថា “ ​នៅ​ពេល​យើង​ចុះ​ទៅ​សិក្សា​ផ្លូវ​ដែក​ ហើយ​ពិនិត្យ​មើលថាផ្លូវ​ដែក​នេះ​ ជា​រឿយៗបែក​បាក់​ជា​កំណាត់​ៗ​ ដូច្នេះ​គេ​មិន​ទាន់ដឹង​ថា ត្រូវ​ការ​អ្វីនោះ​ទេ រហូត​ដល់​យើង​ពិនិត្យ​មើល។នោះ​ គឺ​ជាហេតុឲ្យមានការ​​ចំណាយ​កើន​កាន់​តែ​ច្រើនឡើង​”។

លោក​ ផោវើ ក៏បាន​មាន​ប្រសាសន៍ផង​ដែរ​ថាក្រុម​ហ៊ុន​ថល់ហូលឌីង (Toll Holdings) ដែល​ទទួលបានសិទ្ធិ​សម្បទាន​រយៈ​ពេល​៣០​ឆ្នាំ​ ក្នុង​ប្រតិបត្តិ​ការ​បណ្ដាញ​ផ្លូវ​ដែក​ជា​មួយ​នឹង​ក្រុមហ៊ុន​ រ៉ូ​យ៉ាល់​គ្រុប​កម្ពុជា​ បាន​ជូន​ដំណឹង​ដល់ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុតាម​រយៈ​លិខិត​មួយច​្បាប់​កាលពី​ថ្ងៃ​សុក្រ​ថាខ្លួន​នឹងបញ្ឈប់​ប្រតិបត្តិ​ការ​ទាំង​អស់ ​នៅ​ចុង​ខែ​នេះ​ហើយ។

លោក​ ផៅវើ បាន​មានប្រសាសន៍ថា នៅ​ក្នុង​លិខិត​នេះ​ក្រុមហ៊ុន ​ថល់ ហូលឌីង បានលើក​​ឡើង​​ថា ខ្លួន​នឹង​បញ្ឈប់​ប្រតិបត្តិ​ការ​ជា​បណ្ដោះ​អាសន្ន​ ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនារហូត​ដល់​ខែ​មករា ឆ្នាំ២០១៣ ហើយ​នឹង​ផ្អាកបុគ្គលិក​ចំនួន​ពាក់​កណ្ដាល​ក្នុងចំណោម​បុគ្គលិក​១២០​នាក់របស់​ខ្លួន​។ ក្រម​ហ៊ុន ថល់ ហូលឌីង បាន​ផ្ដល់​សិទ្ធិ​ដល់ក្រុមហ៊ុន​ TSO របស់​បារាំង​ឲ្យ​អនុវត្ត​ការងារ​ស្ថាបនា​ផ្លូវ​ដែក​បន្តទៀត​។

លោក​ ទូច ចាន់​កុសល រដ្ឋលេខា​ធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​អះអាងចំពោះ​លិខិត​នេះ និង​បាន​មាន​ប្រសាសន៍​ថា ការងារ​អនុវត្តគម្រោង​នេះ​នឹង​បញ្ឈប់​នៅ​ចុង​ខែ​នេះ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ឡើយ​។គេនៅ​មិន​ទាន់​ច្បាស់​ថា ហេតុ​អ្វី​ក្រុម​ហ៊ុនថល់ហូលឌីងសម្រេច​ផ្អាកប្រតិបត្តិ​ការ​របស់​ខ្លួន​នោះ​ ហើយ​លោក ដេវីត ឃើ (David  Kerr)អគ្គនាយក​ក្រុម​ហ៊ុន​ ថល់ រ៉ូយ៉ាល់ អយស្ម​័យ​យាន (Toll Royal Railways) បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​ធិប្បាយទេកាលពី​ម្សិល​មិញ​នេះ។

យោង​តាម​លោក​ ផៅវើ បាន​ឲ្យដឹង​ថាទោះ​ជាយ៉ាង​ណា​ អ្វី​ដែល​គេ​ដឹង​គឺ​ថាក្រុមហ៊ុន​ TSO ដែល​ជា​ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ដែក​មិន​បាន​បំពេញតាម​​​កាល​កំណត់​ពីរលើក​ហើយក្នុង​ការ​បញ្ចប់​គម្រោង​ផ្លូ​វ​ដែក​ចម្ងាយ​២៦៦​គីឡូម៉ែត្រ ពីរាជ​ធានីភ្នំ​ពេញ ទៅកាន់ខេត្ត​ព្រះ​សីហនុ។ បន្ទាប់ពី​ពិធី​បើក​ការដ្ឋាន​បណ្ដាញ​​ផ្លូវ​ដែក​ក្នុង​ឆ្នាំ​២០០៩​មក​ ក្រុមហ៊ុន​នេះ​មុន​ដំបូង​បាន​មានបំណងចង់​បញ្ចប់​ការងារ​ស្ថាបនា​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១០​។កាលបរិច្ឆេទ​នោះ​ ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១១​ ហើយការអនុវត្តជាក់ស្តែង ក៏បាន​ខកខានដែរ​។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​ ដែលក្រសួង​សាធារ​ណការ​ចេញផ្សាយកាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ឲ្យដឹង​ថា ការងារ​ស្ថាបនា​ផ្លូវ​ដែក​​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​បញ្ចប់បាន​ត្រឹម៥២​ភាគ​រយ​ប៉ុណ្ណោះ​ ខណៈ​ដែល​បណ្ដាញ​ផ្លូវ​ដែក​ចម្ងាយ​៣៨៦​គីឡូម៉ែត្រ​ រវាង​រាជ​ធានី​ភ្នំពេញ​ និង​ក្រុង​ប៉ោយ​ប៉ែត​បញ្ចប់​បាន​ត្រឹមតែ​១៨ភាគ​រយ។

បណ្ដាញ​ផ្លូវ​ដែក​ទី​៣ ដែល​មាន​ចម្ងាយ​៤៨ គីឡូ​ម៉ែត្រ​ រវាង​ក្រុង​ប៉ោយ​ប៉ែត​ និង​ក្រុង​សេរី​សោភ័ណក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​បញ្ចប់​រួចរាល់​ហើយ​។

ADBបាន​ចេញ​សេចក្ដី​ប្រកាស​មួយ ​កាល​ពី​ម្សិល​មិញ​ដោយលើក​ឡើង​ថា  ការផ្អាក​របស់​ក្រុមហ៊ុន​ ថល់ ហូលឌីង និង​ឈាន​ទៅរក​ការ​ពន្យារពេលគម្រោងប​ន្ថែម​ទៀត​។ សេចក្ដី​ប្រកាសនេះលើក​ឡើង​ថា“​ធនា​គារ​អភិវឌ្ឍន៍​អាស៊ីព្រួយ​បារម្ភថាប្រសិន​បើ​រថភ្លើង​ ដែល​ត្រូវ​​ប្រើ​ប្រាស់​ សម្រាប់​ការ​ងារ​គម្រោងស្តារផ្លូវ​ដែក​លែង​មាន​ទៀត​ហើយ​នោះ ការផ្អាក​អាច​នាំមក​នូវ​ការ​ពន្យារពេល​តទៀតដល់​ការ​ស្ថាបនាផ្លូវ​”។ សេចក្ដី​ប្រកាស​នេះ​បន្ថែម​ទៀត​ថា ផ្លូវ​ដែក​នេះ ​បាន​ធ្វើ​ឲ្យមាន​​ការ​ពន្យារពេ​ល ដោយ​សារ​ទឹកជំនន់​បាន​ជន​់លិចយ៉ាងធ្ងន់​ធ្ងរ​កាលពី​ឆ្នាំ​ទៅ​ និង​បញ្ហា​ស្មុគស្មាញ​ទាក់ទង​នឹងការ​រើ​លំនៅ​ដ្ឋាន​របស់​អ្នកភូមិ​។ លោក​ ផោវើ បាន​មាន​ប្រសាសន៍ថាពេល​នេះ​គម្រោង​​មិន​អាច​បញ្ចប់​មុន​ចុង​ឆ្នាំ​២០១៣​ទេ។

លោក លី បូរិន ប្រធាន​នាយក​ដ្ឋាន​ផ្លូវ​ដែក​នៅ​​ក្រសួង​សាធារណការ​ បានមាន​ប្រសា​សន៍ថា ការ​ពន្យារ​ពេល​គម្រោង​នេះ​បាន​នាំ​ឲ្យ​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ ថល់ហូលឌីងក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណេញ​ត្រូវ​បាន​កាត់​បន្ថយ​ ហើយវា​អាច​ជា​ហេតុ​ផល​សម្រាប់ពួក​គេ​ក្នុង​ការ​ផ្អាក​គម្រោងនេះ​។

លោក​បានមាន​ប្រសាសន៍ថា “ ក្រុមហ៊ុន​ ថល់ ហូលឌីង ចំណាយ​លុយ​ច្រើន​ណាស់​ ក៏ប៉ុន្ដែ​គេ​ទទួលបាន​ប្រាក់​ចំណេញ​តិច​តួច​បំផុត​ ដូច្នេះខ្ញុំ​គិត​ថា វា​ជា​ហេតុ​ផល​នាំ​ឲ្យ​មានការ​ផ្អាកនេះ​”៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.