ធ្វើរោគវិនិច្ឆ័យ​ប្រជាពលរដ្ឋ​ជិត​១០០​នាក់​រកឃើញ​ថា មាន​ឆ្លង​មេរោគ​ថ្មី​កើតពីសត្វមូស

មន្ត្រីក្រសួងសុខាភិបាល​ម្នាក់​បាន​និយាយកាលពីម្សិលមិញថា ការ​ផ្ទុះឡើង​នៃ​វីរុសកើត​ពី​សត្វមូស​ដែល​ជា​ប្រភេទ​វីរុស​​ថ្មី​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ដោយ​មាន​រោគ​សញ្ញាស្រដៀង​គ្នា​ទៅនឹង​ជំងឺ​គ្រុន​ឈាម​នោះ​ ត្រូវ​បាន​គេ​រកឃើញ​កើត​មាន​នៅ​ក្នុង​ស្រុកគង​ពិសីខេត្ត​កំពង់​ស្ពឺ។

លោកវេជ្ជបណ្ឌិត​ សុខ ទូច ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល​បាន​មាន​ប្រសាសន៍ថាប្រជា​ពល​រដ្ឋ​៩៨នាក់​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រកឃើញ​មាន​ផ្ទុកវីរុស​ “ស៊ីឃុនគុនយ៉ា”បន្ទាប់​ពី​មាន​ការ​ឈឺ​​​សន្លាក់​ គ្រុនក្តៅ​ និង​ជំងឺអស់​កម្លាំង​នៅ​ក្នុង​ភូមិ​ចំនួន​ប្រាំ​ក្នុង​ឃុំ​ពេជ្រមុនីក្នុងរយៈពេល​បី​សប្តាហ៍កន្លង​មកនេះ។

លោក​បាន​មាន​ប្រសាសន៍ថាស្ត្រីម្នាក់​ដែល​​​មាន​​រោគសញ្ញាស្រដៀង​គ្នា​នេះ​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​៧ខែ​មីនាប៉ុន្តែ​មិន​ទំនង​ជា​​ស្លាប់​ដោយសារតែ​​​​​​​​វីរុស ​ស៊ីឃុនគុនយ៉ា​នេះទេ។

លោក​វេជ្ជបណ្ឌិត​ សុខទូច​ បាន​មានប្រសា​​​​សន៍​​​ថាមនុស្សបួន​នាក់​ក្នុង​ចំណោម​មនុស្ស​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​យក​សំណាក​ឈាម​​​ទៅពិនិត្យ​ ដោយមិន​​រាប់​បញ្ចូលស្ត្រី​ដែល​បាន​ស្លាប់​នេះ ​បាន​រក​ឃើញមាន​ផ្ទុកមេ​រោគនេះប៉ុន្តែ​មិន​មាន​ស្ថានភាពដល់​ស្លាប់​នោះទេ។

លោក​បាន​បន្ថែមថាវីរុសនេះ​កើត​ឡើង​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០១១​​​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ លោកវេជ្ជបណ្ឌិត​ សុខទូចបាន​មាន​​ប្រសាសន៍ថា“បើទោះជា​ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​ថ្មីនៅ​​ប្រទេស​កម្ពុជា​ក៏ដោយក៏វា​មិន​មែន​ជា​ជំងឺ​ថ្មី​សម្រាប់​ពិភព​លោក​ដែរ​ ហើយ​ការ​ស្លាប​់ដោយ​សារ​ជំងឺ​នេះ​គឺ​កម្រកើត​មាន​​​ណាស់​។ស្ត្រីម្នាក់​ដែល​បាន​ស្លាប់​នោះ​គឺមាន​ជំងឺគ្រុនក្តៅកម្រិត​ខ្ពស់​ ហើយ​រស់​នៅ​ក្នុង​តំបន់​តែមួយ​ដែល​មាន​ការ​​ផ្ទុះ​ឡើងនៃ​វីរុស​​​នេះប៉ុន្តែ​យើង​មិន​ទាន់​​អាច​និយាយ​ថាមូលហេតុ​នៃ​ការ​ស្លាប់​នេះ​គឺដោយ​សារ​វីរុស​​​ [ស៊ីឃុន​គុន​យ៉ា]​ នោះ​ទេ”។​

លោក​បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​​ថា ​មាន​ករណី​ឆ្លងវីរុសនេះ​​ចំនួន​២២.០០០​ករណី​កើតមាននៅ​​ប្រទេសថៃ​ក្នុង​រយៈ​ពេល​​​​​ប្រាំខែ​ដំបូង​នៃ​ឆ្នាំ​២០០៩ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មានមនុស្សស្លាប់​ទេ។

លោក Steven Bjorge ប្រធានក្រុម​ការងារ​​​ទទួល​បន្ទុកផ្នែក​ជំងឺ​គ្រុនចាញ់​និង​ជំងឺ​កើត​ពី​សត្វមូស​នៅ​អង្គការ​សុខភាព​ពិភពលោក​បាន​​​​​​​មាន​ប្រសាសន៍ថាតាម​ធម្មតាវីរុស​ស៊ី​​​ឃុន​​​​គុនយ៉ា​​ ដែល​មិនសូវ​ធ្ងន់ធ្ងរនេះ​មាន​សភាព​​​ប្រែប្រួល​​ក្នុង​ឆ្នាំ​២០០៦នៅ​តាម​ឆ្នេរ​សមុទ្រប្រទេស​ម៉ូសាំប៊ិក​ ដែល​ស្ថានភាព​ប្រែ​​​ប្រួល​​​​នេះ​ បាន​​បង្កឲ្យមាន​មនុស្សស្លាប់។

លោក​បាន​បន្ថែមថាស្ថានភាព​ដែល​បណ្តាល​​​​ឲ្យ​មាន​មនុស្ស​ស្លាប់​ ដោយ​សារ​មិន​​​មាន​ការ​ព្យាបាល​នេះបាន​រីករាល​ដាល​​​មក​ដល់​​ភាគខាង​កើត​តាំងពី​ពេល​នោះមក។

លោក​វេជ្ជបណ្ឌិត​ Bjorge បាន​មាន​ប្រសា​សន៍ថា“ស្ថាន​ភាព​មេរោគនេះ​នៅ​អាហ្រិក​ហាក់​ដូចជា​រាលដាល​​ទៅ​ភាគខាង​កើត​ ហើយ​​​​ជា​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង”។

លោកបាន​បន្ថែម​ថាប្រទេស​ឥណ្ឌា​ និង​ប្រទេស​សិង្ហបុរីបាន​រាយ​ការ​ណ៍ពី​ករណី​នៃ​មេរោគ​នេះ។“ជំងឺ​ដែលមិន​​ធ្លាប់​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់នេះ​​ ឥឡូវ​នេះ​គឺ​ជា​ឃាតករ​សម្លាប់​មនុស្ស”។

លោក​វេជ្ជបណ្ឌិត Bjorge បាន​បន្ថែម​ថាការ​ផ្ទុះឡើង​នៅខែនេះគឺ​ជា​ការ​គួរឲ្យ​បារម្ភ​​​ណាស់ហើយ​នឹង​នាំ​ឲ្យ​មាន​ “ការស៊ើប​​​បន្ថែម​​​​ទៀត”លើ​ករណី​​សង្ស័យ​នៅពេល​អនាគត​ ជាពិសេស​ដោយសារ​មាន​ការ​កើនឡើង​នៃ​មូស​ “ដែកគោល”សម្បុរខ្មៅស​មាន​ផ្ទុក​វីរុសនេះ​​ ដែល​គេ​រកឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

     ប្រែស​ម្រួលដោយសោមសារុន

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.