រដ្ឋាភិបាលផ្តល់​​​ដីសម្បទាន​​​ទំហំ​​​ ២៣.០០០ហិកតា នៅ​​​ក្នុង​​​ខេត្ត​​​ចំនួនបួន​​​ឲ្យទៅ​​​ក្រុមហ៊ុនឯកជន​​​

យោងតាមអង្គ​ការ​សិទ្ធិ​មនុស្ស​មួយក្រុម​ ដែល​បានលើក​ឡើងថា ខ្លួនបាន​ទទួល​ព័ត៌មានពី​សំណុំ​ឯកសារ​របស់រដ្ឋាភិបាលនោះ​ បាន​​​ឲ្យដឹងថា កាល​ពី​ខែមុន រដ្ឋាភិបាលបានផ្តល់​ដីសម្បទានទំហំសរុប២៣.០០០​ហិកតាទៅឲ្យ​ក្រុមហ៊ុន​ចំនួន៤ សម្រាប់ គម្រោង​កសិ​ឧស្សាហកម្មនិងតំបន់​សេដ្ឋកិច្ច​ពិសេស។

ដីទំហំ៥០០ហិកតា​បន្ថែមទៀត ដែល​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃមួយ​កន្លែង​ក៏ត្រូវ​បានប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្រាប់​គម្រោង​អេកូទេសចរណ៍ផង​ដែរ។

ការធ្វើសម្បទានទាំងនេះ គឺជា​ផ្នែក​​នៃការ​លក់​ដីនិង​​ព្រៃឈើ​​របស់​ជាតិ​ពី​សំណាក់​​​​រដ្ឋាភិបាល​​​ ដែល​​បានធ្វើឲ្យ​​​ដី​ប្រមាណ​២,១លានហិកតាឥឡូវនេះស្ថិត​​​ក្រោម​​​ការគ្រប់គ្រង​​​របស់ក្រុមហ៊ុន​កសិ​ឧស្សហកម្ម​ជាច្រើន​​​ ហើយក្រុមសកម្មជន​និយាយ​ថា ការផ្តល់ដីសម្បទាននេះធ្វើឲ្យកើតមាន​ជម្លោះដីធ្លី​រាប់រយករណី និង​ធ្វើ​ឲ្យ​មាន​ការកាប់បំផ្លាញ​​​ព្រៃឈើ​កាន់​តែ​ខ្លាំង​ឡើងៗ​។

លោក អូ៊ច ឡេង អ្នក​សម្រប​សម្រួល​គម្រោងកំណែ​ទម្រង់​ដីធ្លី​នៅ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាអនុក្រឹត្យ​ដែល​​​បាន​ចេញផ្សាយ​ក្នុង​សៀវភៅរាជកិច្ច​​​កាល​​​​ពីសប្តាហ៍មុន​ បាន​បង្ហាញ​ឲ្យឃើញ​ថាក្រុមហ៊ុន ​​​China Freight Costs Cambodia Investment បាន​ទទួល​ដី​សម្បទាន​ទំហំ៦.០០០ហិកតា ក្នុង​​​ស្រុក​​​រវៀង ខេត្តព្រះវិហារសម្រាប់ធ្វើ​​​​ចម្ការ​​​​កៅស៊ូខណៈដែលក្រុមហ៊ុន Imperl Focus Cambodia ទទួលបាន​ដីសម្បទាន​ចម្ការ​កៅស៊ូ​ទំហំ ​៨.០០០ហិកតាក្នុងស្រុកសង្គមថ្មី​។​

លោកអ៊ូចឡេង​ បាន​មានប្រសាសន៍​បន្ត

ថា​​ ដីសម្ប​ទាន​ដែលបាន​អនុម័ត​ផ្សេង​ទៀត​រួមទាំង​ដី​សម្បទាន​សម្រាប់ដាំ​អំពៅទំហំ​​​៨.៧២៥ហិកតាដែល​ត្រូវបាន​ផ្តល់ឲ្យ​ក្រុម​​​ហ៊ុនស្ករស Taining Sugar Co. Ltd. ក្នុង​ស្រុក​​​សម្បូរខេត្តក្រចេះ​ និង​ការ​ប្រែ​ក្លាយដីទំហំ៥០០​ហិកតា​នៃដែន​ជម្រក​សត្វព្រៃទំហំ៤៧.០០០ហិកតានៅ​ភ្នំណាំលៀក្នុងខេត្ត​​​មណ្ឌលគីរីឲ្យទៅជាតំបន់អេកូទេសចរណ៍។

លោក​បានលើក​ឡើង​ទៀតថា​ ក្រុមហ៊ុន Attwood Investment Group Co. Ltd. ក៏បានទទួលអាជ្ញាប័ណ្ណដើម្បីបង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​​​​មួយ​ទំហំ១៧២​ហិកតា​ នៅក្នុងស្រុកស្ទឹងហាវ ​​​ខេត្តព្រះសីហនុផងដែរ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន​នេះ​​​បង្ហាញថាក្រុមហ៊ុនកំពុង​សាង​សង់​​កំពង់​​​ផែ​​​​សមុទ្រ​អន្តរជាតិ​និងតំបន់​សេដ្ឋកិច្ច​ពិសេស​​​មួយ​​ទំហំ​១.០០០ហិកតា​ នៅ​ចម្ងាយ​ប្រមាណ​​​៨គីឡូម៉ែត្រពី​កំពង់​ផែ​ខេត្ត​ព្រះសីហនុ

ហើយ​​​​ទន្ទឹមនឹងនេះក្រុមហ៊ុននេះ​ក៏មាន​​​សិទ្ធិ​​​ដំណើរការ​រោង​ចក្រ​​ថាមពល​មួយកម្លាំង​​​៩០​មេហ្គាវ៉ាត់​ នៅក្នុង​តំបន់នេះ​ផងដែរ។

យោងតាម​គេហទំព័រ​របស់ក្រុមហ៊ុន​នេះ​​បានឲ្យដឹងថា​​ ក្រុមហ៊ុននេះគឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​​ក្រុមហ៊ុន​នានា​របស់​​

លោកស្រីលឹមឈីវហូ ​ និងជា​ក្រុមហ៊ុន​លក់និង​​​ចែក​​​ចាយស្រា​និងស្រាបៀរមួយធំបំផុត​នៅក្នុង​ប្រទេសកម្ពុជាមានដូចជាស្រា Hennessy ស្រា​​​ Johnnie Walker និងស្រាបៀរ Heineken​ ជាដើម។

មន្ត្រីថ្នាក់ខេត្តបានស្វាគមន៍ចំពោះការផ្តល់​​​​ដីសម្បទានថ្មីនេះ​ នៅក្នុង​ខេត្ត​របស់​ខ្លួនដោយ​ចាត់ទុកការ​ផ្តល់ដី​សម្បទាន​​ទាំងនេះ​​​ថា​ជាការ​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​​​នេះ​​​រីកចម្រើន​​ ហើយ​​បាន​និយាយសម្រាល​ដល់​​​​ផល​ប៉ះ​ពាល់​​​ដែល​អាច​មាន​ទៅលើ​​​បរិស្ថាននិងសង្គម​។

លោក​ ស ​ចំរុងអភិបាល​រង​ខេត្ត​ក្រចេះ​​បានមាន​​​ប្រសាសន៍ថា​ “យើងមិន​ព្រួយបារម្ភ​ពីការ​​​បាត់​​​បង់​ព្រៃឈើនោះទេពីព្រោះដី​សម្បទាន​ដែល​​​បានផ្តល់​ទៅឲ្យ​ក្រុមហ៊ុន​​​ឯកជន​ ធ្វើ​ឲ្យ​​​សេដ្ឋកិច្ចរីកចម្រើន​ និងបង្កើត​ការងារ​ជា​​​ច្រើនទៀត​​សម្រាប់​​​ប្រជាជនមូល​ដ្ឋាន”។

ក្រុមការងារសិទ្ធិមនុស្សបាននិយាយ​ជាយូរមក​ហើយ​ថារដ្ឋាភិបាល​ បានធ្វើ​ការ​​​សិក្សា​តិចតួចណាស់​ពីផលប៉ះពាល់​នៃដី​​​សម្បទានទៅ​លើព្រៃឈើនិង​ដី​​កសិកម្ម​របស់​សហគមន៍ជនបទ​​​ ដែល​ជា​រឿយៗ​ត្រួត​​​លើ​គ្នាជាមួយ​ដីសម្បទាន​របស់​ក្រុមហ៊ុន។

កាលពីឆ្នាំមុនរដ្ឋាភិបាលបានអនុម័ត​​ដី​​​សម្បទាន​ជាច្រើន​ ហើយ​បានផ្តល់​ដី​ប្រមាណ៣៥០.000ហិកតា​នៅ​ក្នុង​​ព្រៃ​ការពារ៕​

ប្រែសម្រួលដោយស៊ាស៊ុយឈាង​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.